ព័ត៌មានអន្តរជាតិ

សង្គ្រាមឈ្លបនៅភាគខាងត្បូងនៃប្រទេសថៃបានបំផ្ទុះគ្រាប់ផ្អើលសមត្ថកិច្ច

ប្រទេសថៃ : សំឡេងគ្រាប់បានលាន់ឮឡើងព្រមៗគ្នាដែលជាស្នាដៃរបស់ក្រុមឧទ្ទាមធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងយោធាថៃនិងកម្លាំងតម្រួត ចុះត្រួតពិនិត្យនិងបិទផ្លូវជាបណ្ដោះអាសន្នដោយសារតែសំឡេងផ្ទុះនេះធ្វើឲ្យបង្គោលអគ្គិសនីចំនួន ១០ ដើមត្រូវបានបាក់រលំ នៅលើដងផ្លូវនាភាគខាងត្បូងនៃប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រ THAI PBS បានសរសេរថាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវមួយកន្លែងក្នុងស្រុកតាបៃ ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ ដោយមានក្រុមឧទ្ទាមប្រមាណពី ៦ ទៅ ៧ នាក់ បានធ្វើសកម្មភាពដាក់គ្រាប់មីនបង្កៃដែលអាចកំណត់ពេលវេលាបានចងផ្អោបជាមួយនឹងបំពង់ឧស្ម័នពន្លត់អគ្គីភ័យចំណុះ ២០  គីឡូក្រាម ចំនួន ២ គ្រាប់ដោយកំណត់ពេលវេលាឲ្យផ្ទុះព្រមៗគ្នាដើម្បីបំបាក់បង្គោលអគ្គិសនីរហូតដួលរលំចំនួន ១០ ដើម។

គេហទំព័របានបន្តថាមិនត្រឹមតែប៉ុណ្ណោះក្រុមឧទ្ទាមនេះបានធ្វើសកម្មភាពយកគ្រាប់ប្រភេទដដែលទៅដាក់បំផ្ទុះនៅខាងមុខហាងលក់មាសយីហោសែនចំរើនដែលសមត្ថកិច្ចសន្និដ្ឋានថាពួកគេមានគោលបំណងចូលប្រមូលមាសនៅក្នុងហាងលក់មាសនេះស្របពេលដែលគ្រាប់ដែលដាក់បំផ្ទុះនៅបង្គោលអគ្គិសនីផ្ទុះឡើងប៉ុន្តែជាចៃដន្យគ្រាប់ដែលផ្ទុះនៅមាត់ទ្វារហាងលក់មាសផ្ទុះខុសបច្ចេកទេសធ្វើឲ្យពួកគេមិនអាចចូលប្រមូលមាសបានទើបពួកគេគេចខ្លួនបាត់អស់។

នៅព្រឹកថ្ងៃទី ២៣ នេះដែរកម្លាំងយោធាថៃបានធ្វើការបិទផ្លូវជាបណ្ដោះអាសន្នដើម្បីឲ្យកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុនិងដើម្បីស្រាវជ្រាវតាមបង្ក្រាបមុខសញ្ញាក្រុមឧទ្ទាមនេះ ព្រោះរយៈកន្លងមកក្រុមនេះតែងតែដាក់គ្រាប់បំផ្ទុះតាមដងផ្លូវទៅលើរថយន្តរបស់យោធាថៃនៅភាគខាងត្បូងនេះជាញឹកញាប់ដោយសារតែតំបន់នេះជាតំបន់ព្រៃភ្នំនិងក្បែរព្រំដែនប្រទេសភូមាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button