ប្ដីប្រពន្ធពីរនាក់បានស្លាប់ ខណៈរថយន្តបុកពីក្រោយបោកផ្ទប់បង្គោលស្លាកសញ្ញា
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងបណ្តាលអោយប្ដីប្រពន្ធពីរនាក់បានស្លាប់ ខណៈពួកគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះទៅយកសាច់ជ្រូកនៅលូប្រាំ ពេលជិះដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តបើកលឿនមកបុកពីក្រោយពេញទំហឹងផ្លោងរ៉ឺម៉កទៅបោកផ្ទប់បង្គោលស្លាកសញ្ញា បាក់មួយដើម ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
កាលពីម៉ោង២ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៣ នៅលើផ្លូវវេងស្រេង ចំណុចជាប់ផែស្ងួតឧកញ៉ា សូងួន ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពប្តី មានឈ្មោះ ឈឿន ស៊ាង អាយុ៤០ឆ្នាំជាង មុខរបរលក់ដូររស់នៅផ្ទះម្តុំផ្សារជម្ពូវន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកសពប្រពន្ធ មានឈ្មោះ អ៊ីហ្សាន់ អាយុ៤០ឆ្នាំជាង រស់នៅជាមួយនិងប្តី នៅម្តុំផ្សារជម្ពូវន្ត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធរងគ្រោះពីរនាក់
បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GE-7880 បើកតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ដោយគោលបំណងទៅយកសាច់ជ្រូកពីលូប្រាំមកលក់នៅផ្សារជម្ពូវន្ត ខណៈបើកមកដល់ពាក់កណ្តាលផ្លូវ ក្បែនិងផែស្ងួតសូងួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ក្រហមមិនចាំផ្លាកលេខ បើកមកពីក្រោយស្របទិសគ្នាពីលិចមកកើតយ៉ាងលឿន មកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងពេញទំហឹង ផ្លោងទៅបោកផ្ទប់បង្គោលស្លាកសញ្ញា
បាក់មួយដើមបណ្តាលឲ្យរ៉ឺម៉ក ក្រឡាប់ផ្ងារជើងចំណែកប្តីប្រពន្ធពីរនាក់ ខ្ទាតចេញពីគ្នាបោកនឹងផ្លូវស្លាប់ ភ្លាមនោះរថយន្តបង្កបានបើកបត់ត្រឡប់ក្រោយសំដៅទៅផ្លូវជាតិលេខ ៤វិញ គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វើកំណត់ ហេតុយកម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕