អំណោយស័ង្កសី របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ទោ ឌុច ពោ មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយរុះរើធ្វើផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់ បណ្តាលអោយខូចខាតផ្ទះ និងសម្ភារមួយចំនួន របស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយកសាង និងជួសជុលឡើងវិញ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ ។
ជាចុងក្រោយនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕