រយពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់
ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន ៣ រួមមាន៖ ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ចំនួន ២១ ១២៨ ០៣១ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ចំនួន ២៦ ១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២ ១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន ២០សញ្ជាតិ។ ដោយឡែកការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានចំនួន ៧ ២៩៤ ៦០០បញ្ជី។
លទ្ធផលសម្រេចបានលើការងារអត្រានុកូលដ្ឋានទាំង ៣ប្រភេទ ដូចបញ្ជាក់មកនេះ ជាស្នាដៃនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់មូលដ្ឋាន និងក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ចំពោះសេវាដ៏ចាំបាច់នេះ។ នេះជាការគូសបញ្ជាក់បន្ថែមពីលោកបណ្ឌិត ទូច សុខៈ។ បើតាមលោកបណ្ឌិត នៅមានសេវាអត្តសញ្ញាណកម្មផ្សេងទៀត ដែលមន្រ្តីស៊ីវិល និងនគរបាលជាតិគ្រប់ថ្នាក់ បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់កែលម្អការងារសំខាន់ៗជាច្រើនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមទស្សនៈ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
អត្ថបទ៖ លោក សេង បូលីន មន្ត្រីក្រុមអ្នកនាំពាក្យ