ព័ត៌មានជាតិ

ម្ដេចក្រឡាហោម ស ខេង ញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយ​នគរ​បាល សិស្សនាយនគរបាលរង វគ្គបណ្ដុះប​ណ្ដាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើក​ទី២ នៅសា​លានគរបាលភូមិភាគ២ ខេត្តកំព​ង់ចាម

ខេត្តកំព​ង់ចាម៖ថ្លែងក្នុងឱកាសអញ្ជើញ​​សំណេះ​សំណាល និងសួរសុ​ខទុក្ខ សិស្សនា​យ​នគរបាល សិស្សនា​យនគរបាលរង វគ្គបណ្ដុះ​បណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១​៥ លើកទី២ នៅ​សាលា​នគរបាលភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ បានបញ្ចាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្រ​សួងម​ហាផ្ទៃ សូម​ថ្លែងអំណរគុណ​អភិបាលខេត្ត ពាក់ព័ន្ធ ដែល​បានចូល​រួមគាំទ្រដ​ល់ដំណើរ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធក្នុងសា​លានគរបាលជាតិភូមិ​ភាគ២។ ជាមួយគ្នានេះ សម្ដេចក៏​បានសម្រេច​ជួយសា​ងសង់អគារសិក្សាមួយខ្នង​បន្ថែមទៀតដែរ ដល់សាលា​នគរបា​លជាតិភូមិភា​គ២ ដើម្បីបំពេញតម្រូវកា​រជាក់ស្ដែងដ៏ចាំបាច់នៅក្នុង​សាលា។

សម្ដេចបន្តថា ដើម្បីឱ្យនគរបា​លមាន​ការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និង​ប្រតិប​ត្តិការប្រកបដោ​យ​ការទទួ​លខុសត្រូវ គឺចាំបាច់​ណាស់ត្រូវតែ​សិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោ​លគឺអ្នកដែលត្រូវ​បានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកា​ត់វគ្គសិក្សាជា​ក់ស្ដែង​វគ្គមូលដ្ឋាន​នាពេល​នេះមានរយៈពេល៤ខែមន្រ្តីនគរបាលដែលឆ្លងកា​ត់ការរៀនសូត្រ ប្រាកដជានឹង​បំពេញភា​រកិច្ចបានល្អប្រសើរជា​ងអ្នកមិនបានរៀនសូត្រ

សម្ដេចក្រឡាហោម ក៏បានគូស​បញ្ជាក់​អំពីការខិតខំប្រឹង​ប្រែងបង្កើន​ចំនួនក្របខ័ណ្ឌ​មន្រ្តីនគរបាល​រំ​លែក​ទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបា​លឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាន​នានាដែលមាន​បុគ្គលិកច្រើន។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោម​តួអង្គសំខាន់​ដែលនៅជិត​ប្រ​ជាពលរដ្ឋបំផុត ដូចជា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀ​នជាដើម។

សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្ស​នគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និង​ត្រៀមខ្លួនបំ​ពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្រប​ន្ថែមពីការងារជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​នឹងការប្រែប្រួល​នៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងប​ទ​ល្មើសបច្ចេកវិទ្យាជាដើម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button