លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាមានជ័យនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង–ស្រុក ទាំង៩ និងនាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤៧នាក់ ក្នុងនោះមាន នាយអាវុធហត្ថដែលត្រូវប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន១៣២រូបផងដែរ ។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការសំណេះសំណាលផ្តាំផ្ញើដល់កងកម្លាំងក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះមេរោគកូវីដ–១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងទេ និងបានដាក់ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនាការក្នុងពេលឃោសនា និងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមឱ្យកងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូនយកទៅអនុវត្តឱ្យបានល្អប្រសើរផងដែរ ៕