ព័ត៌មានជាតិ

ប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន ក្រោមព្រះរាជាធិបតី និងអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្តកណ្តាល

ខេត្តកណ្ដាល៖នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅវត្តម៉ែបាន បានរៀបចំពិធីប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន ដោយព្រះភិក្ខុ ហុង សីហា ត្រូវបានតែងតាំងជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ព្រះតេជគុណ ឆុន ប៊ុនថន ដែលបានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត ដោយបញ្ហាសុខភាព។ពិធីនេះធ្វើឡើង ក្រោមព្រះរាជាធិបតី និងអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាចៅអធិការវត្តស្វាយជ្រុំ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

 

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល មានសង្ឃដីការថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ព្រះចៅអធិការ ស៊ីម អ៊ុន ចូលអនិច្ចកម្មបានតែងតាំង ព្រះភិក្ខុ ឆុន ប៊ុនថន ជាកូនចៅអ្នកភូមិម៉ែបាន គង់នៅវត្តម៉ែបាន គ្រប់គ្រងដឹកនាំ ពុទ្ធបរិស័ទបន្តរហូត បច្ចុប្បន្ន។ ដោយព្រះតេជគុណ ឆុន ប៊ុនថន មានពិកាកាយសម្បទាពីកុមារភាព និងសុខភាពមិនបរិបូរផង ព្រះតេជគុណ ឆុន ប៊ុនថន បានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត។ ដូចនេះទើបសាលាអនុគណស្រុកខ្សាច់កណ្ដាល សម្រេចតែងតាំងព្រះភិក្ខុ ហុង សីហា ជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ដើម្បីដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវនូវរាល់កិច្ចការទាំងឡាយក្នុងវត្ដឱ្យមាននិរន្តរភាព។

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស។

 

ឯកឧត្ដមអភិបាលខេត្ត បន្តថា រដ្ឋបាលខេត្តបាននឹងកំពុងជម្រុញ និងលើកទឹកចិត្តឱ្យវត្តអារាមនៅទូទាំងខេត្ត ក្លាយទៅជា តំបន់រមណីយដ្ឋានទេសចរណ៍ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនា សិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើន ក្នុងសង្គមតាមរយៈព្រះពុទ្ធសាសនា ។

 

ឯកឧត្ដម បន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ សាសនាដទៃទៀត ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺ រដ្ឋបាលខេត្ត បានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿ សាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button