ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ​: ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដល់សប្បុរសជន វិស័យ

សាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ ។

 

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បញ្ជាក់ថា​ រាជរដ្ឋាភិបាល​ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

 

ជាមួយគ្នានោះដែរឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ថ្លែងអំណរគុណដល់សប្បុរសជន វិស័យ

សាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រនិងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវនានា ដល់មនុស្សវ័យចាស់​ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់​ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម និង​លោកជំទាវ​ម៉ៅ​ ម៉ាល័យ​ បាននាំយកនូវអណោយឧបត្ថម្ភដល់អ្នកចូលរួម៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល​ ក្រម៉ា​ កំសៀវដាំទឹក​អគ្គិសនី១​ សារុង១​ ទឹកដោះគោ​ តែ​ ស្កស​ មី​កៅអៀក​ អំបិល​ ប្រេងខ្យល់​ ទឹកសុីអ៊ុីវ​ទឹកត្រីប្រេងឆា​ ត្រីខ​ ទឹកសុទ្ធ​ ពិលជួតក្បាល១ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button