ព័ត៌មានជាតិ

ជលផលខេត្តកណ្ដាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកពញាឮ

ខេត្តកណ្ដាល៖ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានធ្វើការព្យាករណ៍ថាទិន្នផលត្រីនាឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន ដោយលោកសង្កេតឃើញថា កូនត្រីនៅឆ្នាំនេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដោយឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំច្រើន ហើយបឹងព្រែកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាល ទឹកមិនបានស្រកអស់។

 

លោក បានបន្តថា ផលត្រីឆ្នាំនេះនឹងមានការកើនឡើង ហើយមានគុណភាពល្អផងដែរ ព្រោះថាឆ្នាំនេះទឹកមានចាប់ពីដើមឆ្នាំ ហើយការចុះបង្ក្រាបសៃយឺនស្បៃមុងនេះដែរ មានកូនត្រីចម្រុះជាច្រើនប្រភេទ ដោយក្នុងមួយសៃយឺនស្បៃមុងមានប្រភេទកូនត្រីចម្រុះប្រមាណពី៣០ ទៅ៥០ គីឡូក្រាម។

 

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់មានដូចជា៖ អួនអូសទឹកសាប (ស្បៃមុង) ឧបករណ៍ឆក់ត្រី ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន លបប្រើស១០០(លបនរក) សៃយ៉ឺនស្បៃមុង (លូស្បៃមុង) និងឧបករណ៍នេសាទខុសច្បាប់នានា ត្រូវប្រគល់ជូនអាជ្ញាធរ មានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន និងត្រូវបញ្ឈប់ការនេសាទខុសច្បាប់នានាទាំងអស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលធ្វើឱ្យទិន្នផលត្រីនៅក្នុងខេត្តកណ្ដាលមាន និរន្តរភាពផងដែរ។

 

រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្រុមការងារបានធ្វើការបង្ក្រាប សៃយឺនស្បៃមុង ចំនួន៥៥ មាត់លូ របាំងព្រោះស្បៃមុងប្រវែង ៤,២០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១,៤០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១៥០គីឡូក្រាមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button