ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង

ខេត្តប៉ៃលិន:បិណ្ឌទី១១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់អង្គភាព បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹក និងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ព្រមទាំងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើតៗគ្នានេះក្នុងគោលបំណងវេរប្រគេននូវគ្រឿងបរិក្ខា និងងបច្ច័យសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធិផលនានាក្នុងវត្ត ។ នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ ។

ជាមួយនឹងពិធីកាន់បិណ្ឌទី១១នេះ លោកជំទាវក្នុងនាមថ្នាក់ដឹកនាំ ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិនៅខេត្តប៉ៃលិន ជាពិសេសបារមីលោកយាយយ៉ាត ជួយថែរក្សាលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន ប្រកបរបរទទួលទានមានបាន ឲ្យជៀសផុតពីគ្រោះធម្មជាតិនានា ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងពិធីនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានប្រគេនបាយ សម្លរ នំ ចំណី ទេយ្យទានមួយចំនួនដូចជា មី ចំនួន ១០កេស ត្រីខ ចំនួន ១០ដុំ អង្ករចំនួន ១៥០គីឡូក្រាម ទឹកដោះគោ Soymilk ចំនួន ១កេស ទឹកដោះគោក្រហម ចំនួន ២កេស ឡេកតាសយ  ចំនួន ២កេស ទឹកដោះគោ Season ចំនួន ២កេស រួមជាមួយថវិកា ២លានរៀលទុកសំរាប់កសាងវត្តអារាម  និងជូនបច្ច័យមួយចំនួន ដល់ដូនជីតាជី និងចាស់ៗមួយចំនួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button