បិទសិក្ខាសាលាស្តីពីការយល់ដឹងនៃការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់
(ខេត្តស្វាយរៀង)៖ឯកឧត្តម ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការយល់ដឹងនៃការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ។
សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំធំអាគារ ឃ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវលោក លោកស្រីប្រតិភូក្រសួងពាណិជ្ជកម្ម ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧកញ៉ាប្រធានសភាពពាណិជ្ជកម្មខេត្តស្វាយរៀង សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តស្វាយរៀង វាគ្មិនកិត្តិយស ព្រះរាជអាជ្ញារងខេត្ត តំណាងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង ស្រុក តំណាងក្រុមហ៊ុន និងពាណិជ្ជករ អាជីវករក្នុងខេត្ត សរុបចំនួន ១០២នាក់ ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកចូលរួម ទទួលបានចំណេះបន្ថែមពីអ្នកជំនាញ មកពីក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកធ្វើបទបង្ហាញបកស្រាយពីច្បាប់ពាក់ព័ន្ធចំនួនបួន រួមមាន៖
១.ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ,២.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ,៣.ច្បាប់ស្តីពីការប្រកួតប្រជែង ,៤.ច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ៕