ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល៖ថ្លែងក្នុឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំខេត្ត តែងតែជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ។ក្នុងនោះផងដែរឯកឧត្តមក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ ៕