ព័ត៌មានជាតិ

អ្នករស់រានមានជីវិតក្នុងឧប្បទ្ទវហេតុលិចទូកដរ ក្នុងឃុំកំពង់ភ្នំ ខេត្តកណ្តាល បានទទួលការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន!!!

បន្ទាប់ពីបានជួបជាមួយកងកម្លាំងក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ (លិចទូកដរទទឹង) នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានបន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ-ថវិកា ទៅឧបត្ថម្ភដល់កុមារ ៤នាក់ និងប្រជាពលរដ្ឋដែលរួមដំណើរលើទូក ២នាក់ទៀត ដែលនៅរស់រានមានជីវិតពីព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ ដល់គេហដ្ឋានរបស់ពួកគេផ្ទាល់ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីលើកទឹកចិត្តដល់ចៅៗក្មួយៗដែលរួចផុតពីការស្លាប់ដោយហេតុការណ៍នេះ។

 

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកអ្នករួចជីវិតពីគ្រោះដ៏សង្វេគមួយនេះ សុទ្ធសឹងជាអ្នកមានបុណ្យវាសនាខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យចៅៗជាសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ហើយចំពោះ អ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ព្រោះថាយើងមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយ ក៏ប៉ុន្តែយើងក៏ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍តាមផ្លូវទឹកផងដែរ។»

 

ជាកិច្ចឆ្លើយតប គ្រួសាររបស់សិស្ស និងពលរដ្ឋរួចផុតជីវិតពីគ្រោះលិចទូកនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ខ្វាយខ្វល់ដល់ប្រជាពលរដ្ឋគ្រប់រូបរាល់ពេលមានទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

 

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភជូនអ្នកដែលរស់រានមានជីវិតពីហេតុការណ៍នេះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងថវិកា ២លានរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗ នូវ ថវិកាចំនួន ១លានរៀល។

 

គួររំលឹកថា កាលពីល្ងាចថ្ងៃម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមាររងគ្រោះទាំង ១១នាក់ រួចមកហើយ និងបានចូលបុណ្យសពដោយគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភបន្ថែម ក្នុងគ្រួសារនីមួយៗ នូវ ថវិកាចំនួន ២លានរៀលផងដែរ។

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button