សមត្ថកិច្ចចម្រុះ បានដកហូតផលិតផល មានដើមកំណើតពីសត្វ និងផលិតផលចម្រុះ ចំនួនជាង ៤ តោន (៤.៤៤១ គីឡូក្រាម) នៅច្រកព្រំដែនតំបន់បឹងត្រកួន
បន្ទាយមានជ័យៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ បានដកហូតផលិតផល មានដើមកំណើតពីសត្វ និងផលិតផលចម្រុះ ចំនួនជាង ៤ តោន (៤.៤៤១ គីឡូក្រាម) នៅច្រកព្រំដែនតំបន់បឹងត្រកួន ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយគ្រោងនឹងយកទៅបំផ្លាញចោល ។
មន្ត្រីចម្រុះ រួមមាន ក្រុមអន្តរាគមន៍ការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សហការជាមួយគយ ការិយាល័យ ច្រកព្រំដែន តំបន់បឹងត្រកួន និងគយចល័ត ចំណុចសាលាក្រហម នៃសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ, មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខាខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋាននេះ(ក.ប.ប) ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ផលិតផល ចម្រុះខាងលើ ត្រូវបានឈ្មួញកម្ពុជា និងថៃ បានឃុបឃិតនឹងបុគ្គលខ្លះ នៃសមត្ថកិច្ច ជំនាញមួយ នៅក្នុងខេត្ត ហើយរត់ការ រួចនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួន តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។ ប៉ុន្តែពេលផលិតផលនាំចូល តាមរថយន្តថៃចូលមក ហើយផ្ទេរដាក់រថយន្តកម្ពុជា ១គ្រឿង ម៉ាក HYUNDAI ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់ និងជាអ្នកបើកបរ ឈ្មោះ លឹម ចាន់លាង ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរស៊ីឈ្នួលដឹកទំនិញ ទំនិញមិនអាចបង់ពន្ធគយបាន ។ នោះមកពីខាងគយ មិនមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យនាំចូល គឺមានតែការអះអាងក្រៅផ្លូវការ ពីបុគ្គលនៃមន្ត្រី ក.ប.ប (ដែលគ្មានសមត្ថកិច្ច ទៀតទេ លើការអនុញ្ញាតទំនិញឆ្លងកាត់ព្រំដែន) ដែលថា មិនអីទេ ទំនិញមិនខូច គុណភាពទេ ។
មន្ត្រីពេទ្យសត្វ ដែលចូលរួមសហការចុងក្រោយ លើករណីនេះ បានបង្ហើបថា ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពហើយ ព្រោះតែរក្សាទុក ក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប និងមានរយៈពេលច្រើនថ្ងៃ។
ហេតុនេះ បានជាខាងសមត្ថកិច្ចគយ មិនហ៊ានបង់ពន្ធ និងក៏មិនហ៊ានឱ្យនាំចូល ហើយងាកមកសហការនឹងជំនាញ ក.ប.ប សាខាខេត្តបន្ទាយមានជ័យ និងទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ដើម្បីចាត់ការ តាមនីតិវិធី វិញ។ ប៉ុន្តែបានអូសបន្លាយជាច្រើនថ្ងៃ ដ្បិតអីម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធ មិនព្រមចេញមុខ មកសហការ ឬទទួលខុសត្រូវ ហើយធ្វើកំណត់ហេតុ ជាមួយសមត្ថកិច្ច។
ប្រភពព័ត៌មាន បានបន្តថា ម្ចាស់រថយន្ត HYUNDAI ដែលទទួលថ្មបាក់ (ដឹកទំនិញដែលគ្មានការអនុញាតច្បាប់ពីគេ) នេះ មានទីលំនៅ បច្ចុប្បន្ន ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
សូមបញ្ជាក់ថា ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះ បានដកហូតផលិតផលចម្រុះ សរុប ៤.៤៤១ គីឡូក្រាម មានដូចជា ១-ពោះតាន់ជ្រូក ចំនួន ១១ កេះ ស្មើនឹង ៤៤០ គីឡូក្រាម (១កេះ ស្មើនឹង ៤០ គីឡូក្រាម) ។ ២-ជើងទា ចំនួន២១កេះ ស្មើនឹង ៥២៥ គីឡូក្រាម (១កេះ ស្មើនឹង ២៥ គីឡូក្រាម) ។ ៣-ប្រហិតសាច់មាន់ ចំនួន ២៣កេះ ស្មើនឹង ២៧៦ គីឡូក្រាម (១កេះស្មើនឹង ១២គីឡូក្រាម) ។ ៤-ខ្យងប៉ារ៉ា ចំនួន ៤០កេះ ស្មើនឹង ២០០ ថង់ ស្មើនឹង ២០០ គីឡូក្រាម។ ៥-សាច់មឹក ចំនួន ១០០ កេះ ស្មើនឹង ១.០០០ ថង់ ស្មើនឹង ១.០០០ គីឡូក្រាម ។ ៦-ត្រីសាបាក់ ចំនួន ២០០ កេះ ស្នើនឹង ២.០០០ គីឡូក្រាម ។វត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចចម្រុះ បានធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍ នីតិវិធីពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោល តាមវិធានបសុពេទ្យ នៅថ្ងៃទីត្រង់ ថ្ងៃទី២ ខែមិថុនានេះ ។ ពោលគឺ បន្ទាប់ពីគេបញ្ជូនផលិតផលចម្រុះ ឬវត្ថុតាងខាងលើ ពីការិយាល័យគយ និងរដ្ឋាករ ច្រកតំបន់ព្រំដែនបឹងត្រកួន មករក្សាទុកនៅក្នុងបរិវេណ គយចល័ត នៃសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ នៅផ្លូវជាតិលេខ៥ ចំណុចសាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក ៕