ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​២នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​លួច​ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់!!!

(ខេត្តបន្ទាយមានជ័យ)៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ​ នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៣​ លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ សហការជាមួយការិយាល័យព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថខេត្ត​ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ករណីលួចម៉ូតូ (មានស្ថានទម្ងន់ទោស) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង៤០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោយវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល​ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា​៖ ជនសង្ស័យ​ទី១.ឈ្មោះ​ យ៉ុត រតនា (ហៅ​ ហៀង​ ឬ​ ហ៊ា) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ២.ឈ្មោះ​ យ៉ុន តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​៖ នៅវេលាកេីតហេតុ​ជនសង្ស័យមានគ្នាចំនួន០២នាក់​ បានធ្វើសកម្មភាព ដោយយកកាំបិតភ្ជង់គំរាមយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ​ 1T- 0114 របស់ជនរងគ្រោះឈ្មោះ​ គង់ ភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ពេលកំពុងជិះទៅសាលារៀន។ បន្ទាប់ធ្វេីសកម្មភាពជនសង្ស័យទាំង២នាក់បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោល។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យជំនាញ និងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចកាស៊ីណូនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកនូវវត្ថុតាង ម៉ូតូខាងលើ ហើយយកមកសួរនាំ នៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ ចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ ជនសង្ស័យ​ឈ្មោះ​ យ៉ុត រតនា (ហៅ​ ហៀង​ ឬ​ ហ៊ា) បានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​៖ ការបង្រ្កាបករណីខាងលើមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅសៀលថ្ងៃអាទិត្យ ទី០៦​ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។ ចំណែកម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button