ព័ត៌មានជាតិ

បង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស.!!.

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ។ ការបង្រ្កាបនេះ អនុវត្តតាមបញ្ជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ១១ ខែសីហា នេះ ឱ្យដឹងថា កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឃឹង សេរី នាយករងមន្ទីរ និងលោក ទេព សំផន នាយការិយាល័យ ក៤ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវជាង ២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ទីរប្រឆាំងគ្រឿងញៀន បន្តថា លទ្ធផលនៃការចុះបង្រ្កាបនេះ បាន ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលជាជនជាតិថៃ ៖ ១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣ និង ២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។

ក្រោយ ឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបាន ចាប់យកវត្ថុតាងមួយចំនួនមានដូចជា សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ 465 kg 651 g និង ទូរស័ព្ទ ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button