រថយន្តបុកជាមួយរថយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១២នាក់ទៀតរងរបួស

ខេត្ដកំពង់ចាម ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និង ១២ នាក់ទៀតរងរបួសក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ មួយគួរឲ្យរន្ធត់រវាងរថយន្តក្រុង បុកយ៉ាងពេញទំហឹងជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហេតុការណ៍ នេះបានកេីតឡេីងកាលពី វេលាម៉ោង១២នឹង៣០នាទី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៦ ចំណុចចន្លោះឆ្លងកាត់ មុខក្លោងទ្វាវត្តបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ដក្រុង មួយគ្រឿង មានម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-3268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយរថយន្ដមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-2442 ហើយបត់ឆ្វេងត្រឡប់ក្រោយ(ក្នុងដំណើរច្រាសទិសគ្នា) ក្រោយពីហេតុភ្លាម អ្នកបើកបររថយន្ដក្រុង បានរត់គេចខ្លួន។
ប្រភពបញ្ជាក់ទៀតថា អ្នកបើកបររថយន្ដសាំយ៉ុង បត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ទេីបបណ្តាលឲ្យរថយន្តក្រុងបុកពេញទំហឹង បែបនេះ។
យោងតាមរបាយការណ៍សមត្ថកិច្ច ករណីនេះបណ្ដាលឱ្យ មនុស្សប្រុសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងរបួសមនុស្សប្រុសស្រី១២នាក់។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វេីការនាំយកវត្ថុតាងរថយន្តពីរគ្រឿងនោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដេីម្បីធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តក្រុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធិ៕