ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពក្រុមការងារចល័ត និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក្នុងនាមឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចល័ត ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ដូចខាងក្រោម៖

ទី១. ត្រូវមានភាពម្ចាស់ការទទួលខុសត្រូវ រៀបចំផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព ត្រូវក្តាប់ឱ្យបាននូវកម្មវិធីនយោបាយរបស់គណបក្ស និងរាល់គោលការណ៍ សេចក្តីសម្រេច ដោយផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងទៅតាមភូមិសាស្ត្រ មានទិសដៅ ផែនការ វិធានការរៀបចំយុទ្ធសាស្ត្រធ្វើសកម្មភាពរបស់ខ្លួន ឱ្យបានល្អប្រសើរ។

ទី២. សូមឱ្យសមាជិក សមាជិកាទាំងអស់ បង្កើនការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ឱ្យបានជ្រាប និងចូលរួមអនុវត្តកម្មវិធីនយោបាយទាំងនោះ។

ទី៣. សូមបង្កើនការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងសហគមន៍នៅក្នុងមូលដ្ឋានភូមិនីមួយៗ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ស្តាប់នូវកង្វល់ ក៏ដូចជាសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទី៤. ចំពោះមុខ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ គឺជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែទទួលបានជ័យជម្នះថែមទៀត។ ដូច្នេះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងថវិកា គឺជារឿងចាំបាច់មិនអាចខ្វះបាន។

ទី៥. សូមឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង មិនថាក្រុមការងារថ្នាក់ជាតិចុះជួយ ឬក្រុមការងារថ្នាក់មូលដ្ឋានទេ ព្រោះថាការងារជាក្រុម បើបែកបាក់សាមគ្គីភាពហើយ មិនត្រឹមតែការងារមិនអាចទៅមុខបាននោះទេ ពេលខ្លះវាធ្វើឱ្យយើងមើលមុខគ្នាមិនចំថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង រួមមាន ៖ លោក សៅ ឌីណា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិឯករាម លោក ប៉ែត ចាន់រដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិស្វាយសុខោ លោក នីន តារារតន៍ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកំពង់អាទង់ លោក គង់ សារិទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិជើងទឹក “ក” និងលោក កែវ អ៊ន់ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិជើងទឹក “ខ”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button